ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ព្រមទាំងដកហូតថ្នាំញៀន ២កញ្ចប់ កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សៀង ស្រីអូន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

សមត្ថកិច្ចបានប្រាប់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានជិះល្បាតក្នុងភូមិស្ត្រាស លុះមកដល់ចំណុចខាងលើ ស្រាប់តែឃើញស្ត្រីសង្ស័យខាងលើ កំពុងតែឈរជួញដូរ និងចែកចាយគ្រឿងញៀនជាក់ស្តែង ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនភ្លាមៗ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ ដែលជាប្រភេទ ម៉ាទឹកកក។ ក្រោយមក សមត្ថកិច្ចយើងបានឃាត់ខ្លួនស្ត្រីខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់