ភ្នំពេញ:អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានប្រាប់ឲ្យដឹង កាលពីថ្ងៃទី២៣ មេសានេះ ថា ឆ្នាំ២០១៦នេះ ជាឆ្នាំដែលកម្ពុជា បានទទួលកម្តៅខ្លាំងបំផុត មិនធ្លាប់ជួបក្នុងរយៈពេល ៣០-៤០ ឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថា តាមការកត់ត្រាកាលពី ឆ្នាំ២០១០កម្ពុជា មានអាកាសធាតុក្តៅខ្លាំងជាងគេ ក្នុងរង្វង់ ៣៩,៥ អង្សាសេ។ ប៉ុន្តែនៅឆ្នាំ២០១៦នេះ កម្ពុជាមាន អាកាសធាតុក្តៅខ្លាំងជាងកាលពីឆ្នាំ២០១០ទៅទៀត។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា កាកើនកំដៅនេះមិនមានតែនៅកម្ពុជាទេ គឺប្រទេសនៅក្នុងតំបន់អាស៊ី កម្ពុជា ឡាវ ថៃ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ក៏មានអាកាសធាតុក្តៅ ដូចគ្នាដែរ។ ការកើនកំដៅនេះបណ្តាលមកពី បាតុភូតរលកកម្តៅហៅថា El Nino ដ៏ខ្លាំង ដែលបណ្តាលឱ្យកើតគ្រោះរាំងស្ងួត និងឡើងសីតុណ្ហភាពខ្ពស់នៅអាស៊ីអាគ្នេយ៍។
ក្រសួងធនធានទឹកបានបញ្ជាក់ឲ្យដឹងថ្ងៃនេះថា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣ឧសភា ស្ថានភាពអាកាសអតិបរមា នៅតំបន់វាលទំនាប កណ្តាល មានចាប់ពី ៣៨អង្សាសេ ទៅ៤១អង្សាសេ។ តំបន់ខ្ពង់រាបមានចន្លោះ ពី ៣៦អង្សាសេ ទៅ៤២អង្សាសេ។
តំបន់មានសមុទ្រមានពី៣៥ អង្សាសេ ទៅ៣៧ អង្សាសេ។ ក្នុងរយះពេលនោះដែរ នៅតាមបណ្តាខេត្តមួយចំនួន ក៏មានភ្លៀងធ្លាក់ ជាបន្តបន្ទាប់អាចពីតិចទៅបង្គួរ។
ជាមួយគ្នា និងបញ្ហានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹកបានអំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នបន្ថែមទៀតចំពោះបាតុភូត ភ្លៀងកក់ខែ ដែលនឹងនាំមកនូវផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដ៏គ្រោះថ្នាក់ចាប់ពី ពាក់កណ្ដាលសប្ដាហ៍ទី៤ នៃខែមេសា ឬចាប់ពីថ្ងៃទី២៨មេសា រហូតដល់ថ្ងៃទី៣ខែឧសភា ទើបកម្ពុជា មានភ្លៀងធ្លាក់ច្រើន និងរាយប៉ាយទូទាំងប្រទេស នៅតែមានបរិមាណតិចតួចនៅឡើយ។ ហើយក៏អំពាវនាវឲ្យពលរដ្ឋ ការពារសុខភាពពេលអាកាសធាតុក្ដៅខ្លាំង ប្រជាពលរដ្ឋត្រូវតែងូតទឹកត្រជាក់ និងជ្រកក្រោមម្លប់ឲ្យបានច្រើន ចៀសវាងនៅក្រោមថ្ងៃផ្ទាល់។ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង ស្រាល និងមានពណ៌ភ្លឺ និងត្រូវទទួលទានទឹកឲ្យបានច្រើនជាងពេលធម្មតា ដើម្បីរក្សាជាតិទឹក នៅក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ទៅតាមអ្វីដែលក្រសួងសុខាភិបាលណែនាំ។
យោងតាមវេបសាយ Wunderground បានឲ្យដឹងថា រលកកម្តៅនេះបណ្តាលមកពីបាតុភូតរលកកម្តៅហៅថា El Nino ដ៏ខ្លាំង ដែលបណ្តាលឱ្យកើតគ្រោះរាំងស្ងួត និងឡើងសីតុណ្ហភាពខ្ពស់នៅអាស៊ីអាគ្នេយ៍។ ប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍សឹងតែបានបំបែកឯតទគ្គកម្មអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងឆ្នាំនេះ។
លោក Maximiliano Herrera អ្នកព្យាករអាកាសធាតុ ដែលតាមដានកំណត់ត្រាសីតុណ្ហភាពជុំវិញពិភពលោក បានផ្តល់នូវស្ថិតិកម្តៅនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចខាងក្រោម ៖ ១. កម្ពុជាអាកាសធាតុក្តៅបំផុតគឺ ៤២,៦ អង្សា នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៦ នៅខេត្តព្រះវិហារ។ កំណត់ត្រាចាស់គឺ ៤១,៤ អង្សានៅស្ទឹងត្រែងក្នុងឆ្នាំ ១៩៦០។ ២. ឡាវ អាកាសធាតុក្តៅបំផុតគឺ ៤២,៣ អង្សានៅថ្ងៃទី ១៣ មេសា ២០១៦ នៅខេត្តសេណូ។ កំណត់ត្រាចាស់គឺ ៤២ អង្សានៅខេត្តសុវណ្ណខេត្ត នៅខែមីនា ឆ្នាំ១៩៣៣។ ៣. ថៃ អាកាសធាតុក្តៅឆ្នាំនេះគឺ ៤៤,៣ អង្សានៅថ្ងៃទី ១២ ខែមេសា នៅខេត្តសុខោទ័យ។ កំណត់ត្រាចាស់គឺ ៤៤,៥ អង្សានៅខេត្តយូតារ៉ាដិតនៅថ្ងៃទី ២៧ ខែមេសា ១៩៦០។ ៤. ម៉ាឡេស៊ី កំណត់ត្រាអាកាសធាតុក្តៅបំផុតឆ្នាំនេះគឺ ៣៩,២ អង្សានៅរដ្ឋ BatuEmbun នៅថ្ងៃទី ១០ មេសា។ កំណត់ត្រាចាស់គឺ ៤០,១ អង្សា នៅរដ្ឋ Chuping នៅថ្ងៃទី ៩ មេសា ១៩៩៨។ ៥. សិង្ហបុរី កំណត់ត្រាឆ្នាំនេះគឺ ៣៦,៦ អង្សានៅប៉ាពួនៅថ្ងៃទី ១៣ មេសា។ កំណត់ត្រាចាស់គឺ ៣៧ អង្សានៅ Tengah នៅថ្ងៃទី ១៧ មេសា ១៩៨៣។ ៦. មីយ៉ាន់ម៉ាកំណត់ត្រាឆ្នាំនេះគឺ ៣៩ អង្សា នៅ Dawei និងកំណត់ត្រាចាស់គឺ ៤៧,២ អង្សាក្នុងឆ្នាំ ២០១០។ ៧. វៀតណាម ឆ្នាំនេះក្តៅ ៤១,៨ អង្សា និងកំណត់ត្រាចាស់គឺ ៤២,៧ អង្សា ក្នុងឆ្នាំ ១៩៦៦។ ៨. ហ្វ៊ីលីពីន ឆ្នាំនេះក្តៅ ៣៩,៤ អង្សា និងកំណត់ត្រាចាស់គឺ ៤២,២ អង្សាក្នុងឆ្នាំ ១៩៦៩៕
មតិយោបល់