ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣០២ មិនប្រយ័ត្ន ក៏ជ្រុលនិងរថយន្តមួយគ្រឿងទៀតម៉ាក កាម៉ារីបាឡែននៅចំណុចផ្លូវបែកជាបួន កែងនឹង៦៣ យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់មានរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៥០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៦៣ ហៅផ្លូវត្រសក់ផ្អែម កែងនឹងផ្លូវ៣០២ស្ថិត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7970 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2S-9298 បុកចំពីចំហៀងរថយន្តកាម៉ារីបាឡែនយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតទ្វាចំហៀងខាងឆ្វេងយ៉ាងដំណំ។ ចំណែកឯរថយន្តព្រុសឯណោះវិញក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុ ភាគីខាងរថយន្តព្រុសព្រមចេញសងថ្លៃការខូចខាតទៅភាគីខាងរថយន្តកាម៉ារីបាឡែនជាទឹកប្រាក់ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់