ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិ។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត តាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១.អង្គប្រជុំបានអនុម័តយល់ព្រម បញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទីនីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជម្រុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។
២.អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពបេក្ខជនសុំឈរ ឈ្មោះជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន៦រូប ដើម្បីដាក់ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ធ្វើការបោះឆ្នោត ជ្រើសតាំង១រូប ជំនួសសមាជិកព្រឹទ្ធសភាដែលបានសុំលាលែង។
៣. អង្គប្រជុំបានអនុម័តយល់ព្រមកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៥ នៅថ្ងៃចន្ទ័ទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ ព្រឹក ដោយមានរបៀបវារៈ ៖
៣.១. ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន១រូប។
៣.២. ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
៣.៣. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហុងគ្រី ស្តីពីការជម្រុញ និងការការពារទៅវិញទៅមក នៃវិនិយោគ៕
មតិយោបល់