ព័ត៌មានជាតិ

លោកគ្រូបង្រៀនម្នាក់គាំងបេះដូងបណ្តាលឲ្យស្លាប់ខណះដែលណាត់គ្នាចុះមករកទិញដីស្រែ

កណ្តាល: បុរសម្នាក់គាំងបេះដូងបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចំណុច ភូមិ បឹងក្តុល ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ ស៊ួង សាវុធ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅបច្ចុប្បន្ន ភូមិ គោកឃ្លៀង សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

តាមការបំភ្លឺរបស់ឈ្មោះ មុជ វិបុល ភេទប្រុស អាយុ៤២ឆ្នាំ បានបំភ្លឺថា៖ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៧ព្រឹក ខ្លួនបានជិះរថយន្ត ចំនួន០១គ្រឿង ម៉ាកព្រូស ពណ៍ ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2B-2068 ចំនែកជនរងគ្រោះឈ្មោះ ស៊ួង សាវុធ បានជិះរថយន្តមួយគ្រឿង ម៉ាក Camry ប៉ាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7573 បានចេញពីភ្នំពេញបានណាត់គ្នាមកចុះរកទិញដីស្រែនៅចំណុចទំនប់តាមាស ភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ពេលមកដល់ខ្លួននិងជនរងគ្រោះ បាននាំគ្នាដើរចុះតាមវាលស្រែ ក្នុងពេលនោះជនរងគ្រោះក៏មានអាការ:វិលមុខថប់ដង្ហើម ពេលឃើញដូច្នេះខ្លួននិងអ្នកចុះមកមើលដីជាមួយគ្នា ក៏នាំគ្នាជួយធ្វើចលនាឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយមកទៀតក៏បាននាំគ្នាជួយដឹកសាកសពជនរងគ្រោះ មកដាក់នៅលើគ្រែមុខផ្ទះអ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់អុស បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ។
ក្រោយមកកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស និងមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា ៖
សាកសព ចំពោះ ដងខ្លួននិងអវ:ជីវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
សន្ឋិដ្ឋាន៖ តាមការពិនិត្យរបស់គ្រូពេទ្យ និងតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ សាកសពស្លាប់ដោយសារ មានជំងឺបេះដូងប្រចាំកាយ បណ្តាលឲ្យគាំងបេះដូងស្លាប់ និងបានប្រគល់សាកសពជូនសាច់ញាតិជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់