កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍ចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ទូច ធួន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបច្ចុប្បន្ន ភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន ម៉ាទឹកកក ចំនួន១៣កញ្ចប់ (ធំ១កញ្ចប់ និង តូច១២កញ្ចប់) ។
មុនឈានដល់ការចាប់ឃាត់ជនសង្ស័យ កម្លាំងសមត្ថកិច្ច ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជនសង្ស័យ ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល ឲ្យធ្វើការឆែកឆេរផ្ទះជនសង្ស័យបានរកឃើញថ្នាំញៀនម៉ាទឹកកក ចំនួន ១៣កញ្ចប់ និងឧបករណ៍សម្រាប់វិចខ្ចប់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនម៉ាទឹកកក ចំនួន១៣កញ្ចប់ ក្នុងតម្លៃ ១២០,០០០រៀល (ដប់ពីរម៉ឺនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ។
រួចបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់