ព័ត៌មានជាតិ

ឡានពេទ្យទៀតហើយ! រថយន្តសាមុយពន្លះជាមួយនឹងឡិចស៊ីសស្លាកលេខ ខ.ម លាន់ដូចរន្ទះក្រឡាប់ផ្ងារជើងទាំងកណ្តាលយប់!

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តសាមុយមួយគ្រឿង បានបើកប៉ះគ្នាជាមួយនឹងរថយន្តម៉ាកឡិចស៊ីស ស្លាកលេខ ខ.ម ពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ៣និង១៥នាទីយប់ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់ក្រុមការងារយកព័ត៌មាន Post News ថាមុនពេលកើតហេតុ គេបានឃើញរថយន្តសាមុយ បើកបរក្នុងទិសដៅពីកើតទៅលិច។ ចំណែករថយន្តទ្បិចស៊ីសគឺបើកពីត្បូងទៅជើង បញ្ច្រាសទិសដៅគ្នា លុះដល់ចំណុចកើតហេតុ ដោយសារតែ រថយន្តសាមុយបានបើកសារ៉ែនសុំផ្លូវដែរតែឭសំឡេងតិចៗ ទើបធ្វើឲ្យរថយន្តទាំង២គ្រឿងដែលកំពុងមានល្បឿនលឿនដូចគ្នាបុកគ្នាពេញទំហឹង បណ្តាលឲ្យក្រទ្បាប់ផ្ងារជើង។ ចំណែកឯរថយន្តទ្បិចស៊ីសវិញ រ៉េចង្កូតទៅបុកស្លាកប៉ាន់ណូ និងបុកចូលក្នុងផ្ទះគេមួយកន្លែង។

ហេតុការណ៏នេះដែរម្ចាស់រថយន្តទ្បិចស៊ីសគឺមិនមានរងរបួសអ្វីទេ។ ចំណែកឯ តៃកុងរថយន្តសាមុយវិញរងបួសស្រាល២នាក់ ហើយក្រោយពីកើតហេតុហើយនោះរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយបន្តទៀត៕

មតិយោបល់