ព័ត៌មានជាតិ

Update៖ ជនបរទេសជិះគោរពភ្លើងសញ្ញាចរាចរ ត្រូវបុរសម្នាក់ស្រវឹងជោកមិនមើលស្តុបបុកទាំងកំរោលរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន២នាក់ក្នុងនោះមានស្ត្រី ជនបរទេសម្នាក់ និង បុរសជនជាតិខ្មែរម្នាក់ផងដែរ បានរងបួសយ៉ាងធ្ងន់ធ្ងរដូចគ្នាខណៈដែលម៉ូតូទាំង២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចភ្លើងស្តុប។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៧៣ (ស្តុបខាងមុខស្ថានទូតចិន) ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនរងគ្រោះជនជាតិខ្មែរមានឈ្មោះ ធន់ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកឯស្ត្រីជាជនបរទេសរងគ្រោះមិនស្គាល់អត្តសញ្ញាណឡើយ។

មុនពេលកើតហេតុគេបានជនបរទេស២នាក់ប្រុសម្នាក់ និងស្ត្រីម្នាក់ បានជិះម៉ូតូម៉ាកToday (កូនទា) ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CP-3929 ក្នុងទិសដៅពីជើងទៅត្បូងក្នុងបំណងឆ្លងផ្លូវ លុះដល់ចំណុចកើតហេតុក៏ត្រូវម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-6487 បើកបរដោយបុរសជនជាតិខ្មែរ ដោយបានបើករំលោភលើសភ្លើងស្តុបនោះ ទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលទាំង២គ្រឿង និងរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីជនបរទេសរងគ្រោះត្រូវបានបុរសជាជនបរទេសរួមដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងបុរសរងគ្រោះជនជាតិខ្មែរ ក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មកដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀតផងដែរ៕

មតិយោបល់