កណ្ដាលៈ បុរសជាកសិករម្នាក់ បានដេកហូរទឹកនោមប្រកាច់បែកពពុះមាត់នៅលើផ្ទះបងថ្លៃរហូតដាច់ខ្យល់ស្លាប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ឈ្មោះ ផន ភឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានមកដេកលើផ្ទះបងថ្លៃ ឈ្មោះ ម៉ិច ម៉ុន នៅភូមិជាមួយគ្នា ពេលនោះក្មួយនៅក្រោមផ្ទះឃើញទឹកនោមហូរស្រក់ពីលើផ្ទះមកក្រោម ក៏រត់ឡើងទៅមើលលើផ្ទះឃើញជនរងគ្រោះកំពុងបែកប្រពុះមាត់ ហើយក៏ទៅហៅបងប្អូន និងប្រពន្ធនាំគ្នាយកទៅផ្ទះរបស់គាត់វិញ លុះមកផ្ទះជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។
សមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថា ជំនាញធ្វើការពិនិត្យយ៉ាងម៉ត់ចត់ ដោយសន្និដ្ឋានលើសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕
មតិយោបល់