កណ្តាលៈ ក្មេងប្រុសម្នាក់ យកខ្សែអង្រឹងថ្ពក់កលេងជាប់ បណ្ដាលឲ្យស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចរោងចិញ្ចឹមមាន់ នៅខាងត្បូងចុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុខរិន សុខរ័ត្ន ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា វេលាម៉ោង៧ និង៣០នាទីព្រឹក ជនរងគ្រោះទៅឃ្វាលគោនៅចុងភូមិអណ្ដូង ពេលចងគោឲ្យស៊ីស្មៅរួចរាល់ហើយ ក៏បានទៅលេងនៅខាងក្រោមរោងចិញ្ចឹមមាន់ របស់ឈ្មោះ ផេង គង់ ដែលទុកចោលយូរមកហើយ។ នៅទីនោះមានខ្សែចងថ្ពក់អង្រឹងដែលគេចងទុកចោល ហើយបានយកធុងនំចិនធ្វើពីដែកស័ង្កសីដាក់ខាងក្រោមខ្សែថ្ពក់អង្រឹងនោះ យកក្បាលស៊កចូលក្នុងប្រហោងខ្សែ យកដៃកាន់ខ្សែលេងៗ ក៏ក្រឡាច់ជើងធ្លាក់ពីលើធុងនំ បណ្ដាលឲ្យទាក់កនៅជាប់នឹងខ្សែថ្ពក់អង្រឹងនោះបណ្ដាលឲ្យស្លាប់តែម្ដង។
បន្ទាប់ពីទទួលបានដំណឹងពីករណីខាងលើភ្លាម កម្លាំងសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតុ។ ដោយមានការចូលរួមពីកម្លាំងជំនាញពិនិត្យហេតុស្រុកស្អាង ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ក្រាំងយ៉ូវ មេភូមិអណ្ដូង ពេទ្យមណ្ឌល សុខភាព និងក្រុមគ្រួសារបានពិនិត្យសពឃើញថា ពិតជាបានស្លាប់ ថ្ពក់នឹងខ្សែរអង្រឹងតែម្ដង។ ក្រៅពីស្លាកស្នាមត្រង់ក មិនមានស្លាកស្នាមផ្សេងទៀត នៅលើសាកសពឡើយ។
ក្រោយពីធ្វើការពិនិត្យ រួចសព បានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់