ភ្នំពេញៈគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយរថយន្តម៉ាករ៉េហ្វ័រ បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងសភាពស្រវឹងស្រា ជ្រុលទៅបុករថយន្តបាឡែន ពេញទំហឹងរុញផ្ទប់ទៅបុកជាមួយបង្គោលភ្លើងទាំងកម្រោល សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តរ៉េហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7796 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងសភាពស្រវឹងស្រា និងបើកបរមិនគោរពច្បាប់ចរាចរណ៍ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ករបានជ្រុលទៅបុក រថយន្តម៉ាកបាឡែនពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 2R-6627 ដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង រុញផ្ទប់រថយន្តបាឡែនទៅបុកជាមួយនឹងបង្គោលភ្លើងដែលនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយភាគីខាងរថយន្តបង្ករយល់ព្រមសងសំណងចំនួន១០០០ដុល្លារ ឲ្យទៅខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕







មតិយោបល់