ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពប្រើកូនកាំបិតចាក់ប្លន់ម៉ូតូមិនបានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅមុខ ដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះ ចូវ យ៉ាំងផាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះមានឈ្មោះ រី ញ៉ែម ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានហៅម៉ូតូឌុបទៅផ្សារបឹងព្រលិត លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យឲ្យជនរងគ្រោះឈប់ម៉ូតូ ក៏យកកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះចាប់កាំបិតជាប់បណ្តាលឲ្យរបួសបាតដៃខាងស្តាំ បន្ទាប់មកជនសង្ស័យក៏វាយលើជនរងគ្រោះប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-2544 ហើយជនរងគ្រោះបានស្រែកចោរៗ ស្របពេលដែលសមត្ថកិច្ចកំពុងល្បាតក្បែរនោះ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតកូនកាំបិត១ និងម៉ូតូជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់