កំពង់ចាមៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពស្ត្រីមេម៉ាយម្នាក់ បានស្លាប់នៅលើផ្ទះ ដោយត្រូវឃាតកធ្វើសកម្មភាពរឹតកសម្លាប់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ថោ ម៉េន ភេទស្រី អាយុ៨៣ឆ្នាំ ជាស្រ្តីមេម៉ាយគ្មានកូន មានចៅស្រី២នាក់ មកស្នាក់នៅរៀនជាមួយ។
ក្រោយទទួលព័ត៌មាននៃការស្លាប់នេះភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាលោកឧត្តមសេនីយ៍ត្រី
ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបើតាមការពិនិត្យស្លាកស្នាមលើសាកសពជនរងគ្រោះ សមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺបង្កឡើងដោយជនសង្ស័យ បានធ្វើសកម្មភាពយកខ្សែនីលុង ពណ៌ស លាយក្រហម ប្រវែងប្រហែល១ម៉ែត្រ មករឹតកជនរងគ្រោះរហូតដល់ស្លាប់ ដោយមានខ្សែនីឡុងនៅជាប់លើ ករបស់ជនរងគ្រោះ ។
រហូតមកដល់ម៉ោង២និង២០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ ជាជនដៃដល់ម្នាក់ឈ្មោះ សុខ ម៉េងស្រ៊ី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីកសាងសំណុំឯកសារចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់