ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង ផ្លាកលេខភ្នំពេញ 2BH 6574 បើកលឿនបុកខឿនផ្លូវ បណ្តាលឲ្យក្រឡាប់ របួស៣នាក់

ភ្នំពេញ: បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ដល់ផ្លូវកោងមិនបង្អន់ល្បឿន ស្រាប់តែជ្រុលចង្កូតបុកខឿនសួនច្បារ បណ្តាលឲ្យក្រឡាប់រងរបួស៣នាក់ កាលពីវេលាម៉ោង០៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១២៨ កែងផ្លូវ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្រោមស្ពានអាកាស៧មករា) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រី៣នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ ឈាមជ្រូកមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BH 6574 បើកតាមបណ្តោយផ្លូវ១២៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនបង្អន់ល្បឿន ក៏ជ្រុលចង្កូតទៅបុកខឿនសួនច្បារ បណ្តាលឲ្យក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំ និងបែកខឿនផ្លូវជាសម្បត្តិរបស់រដ្ឋ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់តែរងរបួសស្រាលចំនួន៣នាក់ ដែលជិះនៅក្នុងរថយន្តខាងលើនោះតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានវាស់វែង និងស្ទូចយករថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់