ព្រះសីហនុៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងរៀបរយ អន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការចាប់ខ្លួន ក្រោយពីបានជុំគ្នាផឹកស៊ីជាមួយនឹងកម្មករនេសាទដែលធ្វើការជាមួយគ្នា រហូតទាស់ពាក្យសម្តីគ្នា ឈានទៅដល់ការផ្ទុះហិង្សាព្រួតគ្នា៣នាក់ វាយមកលើកម្មករនេសាទម្នាក់ បណ្តាលឲ្យរបួសធ្ងន់រហូតដល់ស្លាប់ រួចរុញជនរងគ្រោះចូលទម្លាក់ចូលទឹកបន្ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផែទំនប់រលកចាស់ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម នគរបាលមូលដ្ឋាន និងកម្លាំងរៀបរយ អន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញធ្វើការអន្តរាគមន៍ភ្លាមៗ និងពទ្ធ័ចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ហម គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក, ទី២ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ និងជនសង្ស័យទី៣ឈ្មោះ កើត សង្ហា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងនោះដែរ សមត្ថកិច្ចបានចុះរាវរក ជនរងគ្រោះក្នុងទឹក តែជនរងគ្រោះបានស្លាប់ទៅហើយ ដោយសាកសពនេះមានឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ បច្ចុប្បន្ននៅភូមិ-ឃុំទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យជាជនដៃដល់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់