ភ្នំពេញៈ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វីមួយនោះទេ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងឃ្លាំងខោអាវជជុះ បង្កកាភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងឃ្លាំងខោអាវជជុះទីតាំងលេខ ៦៦E០ ផ្លូវលេខ៣១៨ ភូមិទី៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើមានឈ្មោះ ជា សារិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយាមឃ្លាំង ទីលំនៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅក្នុងឃ្លាំងកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកម្មករចំនួន២ទៀត ដែលជាអ្នកយាមឃ្លាំងកើតហេតុខាងលើជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនៅយាមឃ្លាំងតែម្នាក់ឯង ចំណែកឈ្មោះ អ៊ូន រ៉ាក់ ពុំបានមកយាមទេ ហើយម្នាក់ទៀតឈ្មោះ តាំង ជុងអាង ជាប់រវល់ទៅផឹកស៊ីនៅខាងក្រៅ រហូតដល់ម៉ោងដឹងកើតហេតុខាងលើ ទើបឈ្មោះ តាំង ជុងអាង ត្រឡប់មកពីផឹកស៊ីវិញ ក៏បានចុចកណ្តឹងហៅជនរងគ្រោះឲ្យបើកទ្វាររបង តែពុំមានការឆ្លើយតប ក៏លូកដៃចូលតាមរន្ធសម្រាប់ចាក់សោ ឃើញទ្វាគ្មានចាក់សោក៏បើកចូល ហើយបើកទ្វាឃ្លាំងនិងបើកភ្លើង ស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។
តាមការពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនរងគ្រោះបានបិទភ្លើង រួចដើរឡើងតាមកាំជណ្តើរទៅលើត្រង់កន្លែងចងកសម្លាប់ខ្លួនតែម្តង៕
មតិយោបល់