ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់លើផ្លូវរថភ្លើង យ៉ាងអាណោចអាធម័

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ លើផ្លូវរថភ្លើង សង្ស័យថាមានរថយន្តបុកពីក្រោយ។

តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលគាត់ដើរដាក់បង្កៃតាមប្រឡាយអមផ្លូវរថភ្លើងបានឲ្យដឹងថា គាត់បានដើរៗ ក៏ប្រទះឃើញបុរសម្នាក់ ពាក់អាវប៉ារ៉ាដៃខ្លីស្លៀកខោជើងខ្លី ពណ៌ត្រួយចេក អាយុប្រហែល ៣០ឆ្នាំជាង បានដេកផ្កាប់មុខបាក់ដៃឆ្វេងស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ភ្លាមនោះគាត់ក៏រត់មកប៉ុស្តិ៍រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យទីតាំងកើតហេតុ ក៏ឃើញមានកម្ទេចកម្ទី បំណែករថយន្តរីឯនៅខាងមុខសពប្រមាណជា ៥ម៉ែត្រ ឃើញមានកាបូបស្ពាយ១ក្នុងនោះមានអាយកូម១ លុយបន្តិចបន្តួច និងថ្នាំពេទ្យ ទៅឆ្ងាយពីសាកសពប្រមាណជាជិត ២០ម៉ែត្រ ឃើញមានកង់មួយគ្រឿងបានបាក់វៀចកង់ខាងក្រោយចេញជាលេខ៨ ទៅហើយ ប្រជាពលរដ្ឋខ្លះថា សង្ស័យតែរថយន្តបើកក្នុងល្បឿនលឿន បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងបុរសខាងលើ បោកក្បាលនិងថ្នល់ស្លាប់ រួចរថយន្តបង្កក៏បានបើករត់គេចខ្លួនបាត់ទៅ តែទោះជាយ៉ាងណាមិញ មិនមានប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋណាបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយសារតែផ្លូវងងឹតហើយស្ងាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានហៅសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច័យ មកត្រួតពិនិត្យទៅលើសពឃើញថា ស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ រួចដឹកសាកសពបុរសខាងលើ យកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ រីឯរថយន្តបង្កវិញសម្ថកិច្ចនិងបន្តស្រាវជ្រាវយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់