ព័ត៌មានជាតិ

កាប់គេមួយកាំបិត រត់គេចបាត់រយៈពេល៣ថ្ងៃ ត្រឡប់មកផ្ទះវិញ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

ភ្នំពេញៈ បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួន ក្រោយពីបានប្រើកាំបិតបុង័តោកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ រួចហើយរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល ៣ថ្ងៃ និងទើបត្រឡប់មកផ្ទះវិញក៏ត្រូវសម្ថកិច្ចចាប់វាយខ្នោះតែម្តងនោះ។

ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ ៤៣៤ ភូមិផ្អេ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនដៃដល់ដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ សូ សុធា អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៤៣៤ ភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៧ កន្លងមកនេះ បុរសជាជនសង្ស័យបានមានជម្លោះជាមួយនិងបុរសម្នាក់ឈ្មោះ យិន ស៊ីថា អាយុ ៤៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខក្បែរគ្នាជាមួយនិង បុរសជាជនដៃដល់ រឿងបាត់កូនគ្រែរបស់ខ្លួន ពេលនោះបុរសជាជនដៃដល់បានប្រើកាំបិតបុង័តោកាប់ទៅលើបុរសជាជនរងគ្រោះចំនួន ១កាំបិត ចំផ្ទាល់ខាងឆ្វេង បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួនរួចរត់គេចខ្លួនបាត់ស្រមោល លុះមកដល់ថ្ងៃនេះកម្លាំងមានសមត្ថកិច្ចបានឃើញរូបគេត្រឡប់មកផ្ទះវិញក៏ធ្វើការចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពេលការចាប់ឃាត់ខ្លួនបុរសជាជនដៃដល់បង្ករបួសស្នាមម្នាក់ខាងលើរួចមក ក៏បាននាំខ្លួនមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់