ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ និងមន្ត្រីពេទ្យសត្វ រថយន្តដឹកមាន់ជាង១ពាន់ក្បាល ពីថៃចូលកម្ពុជា

បន្ទាយមានជ័យ៖ មន្ត្រី​ពេទ្យសត្វ​ខេត្ត​ សហការ​ជាមួយកម្លាំងនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បាន​រថយន្ត​ដឹក​សត្វ​មាន់​នាំ​ពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​ខុសច្បាប់​ តាម​ច្រករបៀង​អូរ​បី​ជាន់​ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ និង​ច្រក​របៀង​បន្ទាយ​ទី​១​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ចំនួន ​២​គ្រឿង​។​


ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​នៅកាលពី​ម៉ោងជាង ​១០​យប់ ​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​រថយន្ត​ទាំង ​២​គ្រឿង ​បាន​ធ្វើ​ដំណើរ​ចេញពី​ច្រករបៀង​ មក​ដល់​ក្រុង​សិរី​សោភ័ណ​ រថយន្ត​នី​សាន់​ ពណ៌​ខ្មៅ ​១​គ្រឿង​ និង​រថយន្ត​ ១​គ្រឿង​ទៀត ​ដឹក​ផ្ទុក​ទម្ងន់​៥​តោន​ ពណ៌​ស ម​ក​ដល់​នៅ​ចំណុច​ស្ពាន​ទី​១​ ខាង​មុខ​ច្រករបៀង​អូរ​បី​ជាន់​។

​កម្លាំង​សម​ត្ថិ​ច្ច​ចម្រុះ​ ដឹកនាំ​ដោយ​លោក ​ហ៊ុយ ​ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ដែល​មានការ​សម្រុះ​ សម្រួល​នីតិវិធី​ពី​លោក​ ផា​ន់​ ភី​រម្យ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ចុះ​បង្ក្រាប​រថយន្ត​ដឹក​សត្វ​មាន់​ទាំង​២​គ្រឿង​នោះ​ សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​មន្ទីរ​កសិកម្ម​ខេត្ត​ ហើយ​ធ្វើការ​ត្រួតពិនិត្យ​សត្វ​មាន់​ ដឹក​តាម​រថយន្ត​ទាំង ​២​គ្រឿង​មាន​ចំនួន​សរុប​ជាង​ ១​ពាន់​ក្បាល​។

​លោក ​ហ៊ុយ​ ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹក​សត្វ​មាន់​ទាំង ​២​គ្រឿង​ ដោយ​អនុវត្ត​តាម​ផែនការ​ ដាក់​ចេញ​ដោយ​លោក ​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័ួ ទើប​តែទទួល​បាន​មុខ​តំណែង​ថ្មី​ ទៅ​លើ​វិធានការ​បង្ការ​ទប់ស្កាត់​ រិ​ត​បន្តឹង​ ដើម្បី​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ ជូន​ដល់​ប្រជាពលរដ្ឋ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ខាង​មុខ ​ខ្លាចក្រែង​ការ​នាំ​ចូល​សត្វ​មាន់​ខុសច្បាប់ ​ពី​សំណាក់​ក្រុម​ឈ្មួញ​ ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ​នូវ​សត្វ​មាន់​ដែល​មាន​ជម្ងឺឆ្លង​ ហើយ​ប្រជាពលរដ្ឋ​មិនដឹង​ទិញ​យក​ទៅ​បរិភោគ​ បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ​ មិនតែប៉ុណ្ណោះ​ការ​នាំ​ចូល​សត្វ​បក្សី​ខុសច្បាប់ ​បង្ក​ឱ្យ​ខាតបង់​ប្រាក់​ចំណូល​រដ្ឋ​ និង​បង្ក​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ​បក្សី​ក្នុងស្រុក​ទៀត​ផង​ដែរ​។​

លោក​ប្រធាន​ការិយាល័យ​រូបនេះ បាន​បញ្ជាក់​ទៀត​ថា​ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​វិភាគ​តាម​ជំនាញ​គឺ​រក​ឃើញ​ថា​ សត្វ​មាន់​ដឹក​តាម​រថយន្ត​ខាងលើ​ គ្មាន​លិ​ខ​តិ​ស្នាម​ត្រឹម​ត្រូ​វ​ មាន់មានសុខភាព​ល្អ​ សត្វ​មាន់​ងាប់​មួយ​ចំនួន​ដោយសារ​ការ​ដឹក​ជញ្ជូន​មាន​សភាព​ចង្អៀត ​រួម​ផ្សំ​នឹង​អាកាសធាតុ​ក្តៅ​៕ អត្ថបទៈ ប៊ុត​ សារុន

photo_2016-04-07_00-59-31 photo_2016-04-07_00-59-35 photo_2016-04-07_00-59-40 photo_2016-04-07_00-59-49 photo_2016-04-07_00-59-55 photo_2016-04-07_00-59-58

មតិយោបល់