ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាល បង្កដោយគ្រួសារមួយប្រើអំពើហិង្សាព្រួតគ្នាវាយ ខណៈដែលជនរងគ្រោះ ២នាក់ប្តី /ប្រពន្ធ បានលេងគប់ទឹកគ្នា។ អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ត្រង់ចំនុចផ្ទះជួល ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ភាគីទី១.មានគ្នា២នាក់ ដែលប្តីឈ្មោះ វ៉ន វេត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកួកជេម៉ូតូ (រងរបួសបែកក្បាល) ចំណែកប្រពន្ធ ឈ្មោះ ហេង ស៊ី ណា អាយុ ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ចំណែកភាគីម្ខាងទៀត មានគ្នា៤នាក់ គឺទី១.មានឈ្មោះ ឈឿន វ៉ាន់នី អាយុ៣០ឆ្នាំ ភេទស្រី មុខរបររោងចក្រ ទី២ ឈ្មោះ ឈួន សុខហៀង អាយុ ២៦ឆ្នាំ ភេទស្រី មុខរបររោងចក្រ ទី៣ ឈ្មោះ សម អូន អាយុ ៥៣ឆ្នាំ ភេទស្រី មុខរបរនៅផ្ទះ ទី៤ ឈ្មោះ ឈួន វ៉ាន់រត្ន័ អាយុ ២៤ឆ្នាំ ភេទប្រុស មុខរបររោងចក្រ។
តាមប្រភពព័តមានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនៅក្នុងភូមិខាងលើ គេកំពុងតែលេងគប់ទឹកគ្នា ហើយមានប្ដីប្រពន្ធរងគ្រោះខាងលើ បានចូលរួមលេងដែរ ហើយពេលនោះ គប់ដាក់គ្នាទៅវិញទៅមក ក៏បណ្ដាលឲ្យខ្ទាតទឹកទៅប៉ះចំគ្រួសារមួយ ដែលមានគ្នា ៤នាក់នោះ ពេលនោះគ្រួសារខាងលើបានប្រកាន់ ហើយក៏បង្កជាទំទាស់ពាក្យសម្ដីគ្នា ក៏ឈានដល់ប្រើអំពើហិង្សា បណ្តាលឲ្យភាគីពីរនាក់ប្តីប្រពន្ធនោះ ធ្វើឲ្យប្តីរងរបួសបែកក្បាល។ លុះក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនភាគីទាំងសងខាង បញ្ជូនមកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដោយឡែកអ្នកដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រៈកុសមៈ ដើម្បីធ្វើការព្យាបាល។
បច្ចុប្បន្នភាគីទំនាស់ទាំងពីរ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរបន្ត តាមនីតិវិធី៕ តុង សីហា
មតិយោបល់