ភ្នំពេញៈ បុរសម្នាក់តូចចិត្តស្អិតទ្រូង ព្រោះខឹងម្តាយ និងប្រពន្ធស្តីបន្ទោសរឿងទៅល្បែងហ្គេមបាញ់ត្រីចាញ់អស់ប្រាក់ចំនួន ៣០ម៉ឺនរៀល និងទូរសព្ទដៃ មួយគ្រឿងម៉ាក IPhone5 ហើយក៏រត់ចូលទៅក្នុងបន្ទប់ទឹកយកអាវមកចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋដែលនៅទីនោះនាំគ្នាមកចោមរោមមើល កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ទី៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្ថិតផ្ទះលេខ១៤២៨ ផ្លូវបេតុង ក្រុម៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើមានឈ្មោះ សុខ វ៉ាន់ (ហៅ វ៉ាន់) អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមសម្តីម្តាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពី ២ទៅ៣ថ្ងៃមុន កូនប្រុសរបស់គាត់បានយកប្រាក់ចំនួន ៣០ម៉ឺនរៀល និងទូរសព្ទ មួយគ្រឿងទៅលក់លេងល្បែង ហ្គេមបាញ់ត្រីចាញ់អស់ ស្រាប់តែនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង ២រសៀល ម្តាយនិងប្រពន្ធក៏បានស្តីបន្ទោសឲ្យបន្តិចបន្តួចពីរឿងយកប្រាក់ និងទូរសព្ទទៅលេងល្បែងអស់គ្មានសល់ប្រាក់ ហើយក៏ខឹងនិងម្តាយស្តីឲ្យរូបគេក៏បានទៅផឹកស្រាស្រវឹង រហូតដល់វេលាម៉ោង ៧យប់ថ្ងៃដដែល ជនរងគ្រោះបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ហើយក៏ចាក់គន្លឹះជាប់ខាងក្នុង។ លុះរហូតដល់ម៉ោង ៧យប់ថ្ងៃដដែលប្រពន្ធបានទៅរុញទ្វារបន្ទប់ទឹកតែមិនឃើញជនរងគ្រោះបើកទ្វាឲ្យទេ ក្រោយមកប្រពន្ធបានរត់ទៅងូតទឹកនៅកន្លែងផ្សេងរួចបានចូលដេកជាមួយក្មួយៗ ២ទៅ៣នាក់រហូតដល់ព្រឹកឡើងមិនឃើញក្រោកចេញមកក្រៅនោះឡើយ។
ប្រភពបានបន្តទៀតថា លុះមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំដដែល ក្រុមគ្រួសារបានប្រទះឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកបាត់ទៅហើយ រួចក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកកន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការចងកសម្លាប់ខ្លួនឯង ដោយពិតប្រាកដមែន រួចក៏បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តឧត្តរ៉ាវត្តី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវតាមតាមប្រពៃណី៕
មតិយោបល់