បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ អាជីវករលក់ដូរនៅផ្សារហ៊ុយឡេង និងប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាផ្អើល ដោយសារតែផ្ទះមួយខ្នងសង់ពីឈើប្រក់ស័ង្កសី ត្រូវភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់ខាងត្បូងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុន សុភី ភេទស្រី អាយុ ៤៣ឆ្នាំ និងប្តីមានឈ្មោះ គឹម លាង អាយុ ៤៤ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ផ្ទះខូចខាតមានបណ្ដោយ៧ម៉ែត្រនិងទទឹង៥ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ប្រពន្ធបានចេញពីផ្ទះទៅយកកូន ដែលបានទទួលសញ្ញាប័ត្រ ចំណែកប្តីក៏ចេញពីផ្ទះដែរចាក់ទ្វារផ្ទះចោល ស្រាប់តែនៅម៉ោង ១០នោះគេឃើញភ្លើងឆេះចេញពីក្នុងផ្ទះ មួយសន្ទុះក្រោយមកស្រាប់តែភ្លើងឆេះពេញទំហឹងតែម្តង ស្របពេលនោះមានប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចម្រុះមានកម្លាំងនគរបាលក្រុងសិរីសោភ័ណចំនួន ១៥នាក់ និងកម្លាំងអាវុធហត្ថចំនួន ៣០នាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ធ្វើការអន្តរាគមន៍បាញ់ពន្លត់។
សូមបញ្ជាក់៖ ករណីនេះ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ទ្រព្យសម្បតិ្តក្នុងផ្ទះឆេះអស់ សរុបជាទឹកប្រាក់មិនដឹងអស់ប៉ុន្មានទេ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង៕
មតិយោបល់