ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជិះម៉ូតូឆក់ទូរសព្ទពីនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ តែមិនបានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព តែត្រូវជនរងគ្រោះតេទូរសព្ទចូល និយាយចរចារគ្នា រហូតព្រមមកយកលុយដើម្បីជាថ្នូរនឹងការដោះដូរទូរសព្ទ អស់លក្ខណ៍ត្រូវជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី២ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ក្បែរសាលាបុណ្យ ភូមិ ត្រពាំងឈូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លាង សឿម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិ កើតហេតុខាងលើ។ ចំណែកបក្ខពួក៣នាក់ទៀតគេចខ្លួនបាត់។
ក្រុមជនសង្ស័យទាំងនេះ បានជិះម៉ូតូមិនស្គាល់ម៉ាក មកឆក់ទូរសព្ទដៃ១គ្រឿងម៉ាក Samsung សេរី7GPro ពណ៌ខ្មៅ របស់ជនរងគ្រោះ ឈ្មោះ កែវ ចាន់សម្ផស្ស ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចកើត ហេតុខាងលើ ស្រាប់មានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានមកអែបក្បែរជនរងគ្រោះ រួចហើយធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះបានសម្រេច ជិះគេចខ្លួនទៅបាត់។ ក្រោយមកជនរងគ្រោះ បានព្យាយាមទូរសព្ទល្បួងទៅលេខទូរសព្ទ របស់ខ្លួនដែលជនសង្ស័យបានឆក់ទៅបាត់នោះ ហើយជនសង្ស័យបានលើកទូរសព្ទ ពេលនោះជនរងគ្រោះបាននិយាយចរចារជាមួយជនសង្ស័យឲ្យយកទូរសព្ទមកវិញ ដោយជាថ្នូរឲ្យលុយចំនួន៥០ដុល្លារ ។ លុះព្រឹកឡើងថ្ងៃទី៣ ខែសីហា ២០១៧ ជនសង្ស័យបានទូរសព្ទមកវិញទារជនរងគ្រោះចំនួន២០០ដុល្លារ តែជនរងគ្រោះក៏យល់ព្រម ទើបជនសង្ស័យយកទូរសព្ទមកឲ្យជនរងគ្រោះវិញ បន្ទាប់មកជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងទូរសព្ទយកមកប្រគល់ ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់