ព័ត៌មានជាតិ

អភិបាលខណ្ឌទួលគោកចុះពិនិត្យការដ្ឋានជួសជុលផ្លូវ៥៨៤ ក្នុងសង្កាត់បឹងកក់ទី២

ភ្នំពេញ: អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សាលាខណ្ឌទួលគោកបានបើករដ្ឋានជួសជុលផ្លូវជាច្រើនខ្សែក្នុងមូលដ្ឋាន ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ឧសភានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រីចុះពិនិត្យមើលលើកំណាត់ផ្លូវ៥៨៤ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រុមការងារបាននឹងកំពុងមមាញឹកក្នុងការជួសជុល ដោយអ៊ុតកៅស៊ូAC ហើយដើម្បីឲ្យការដ្ឋាននេះដំណើរការទៅបានរលូន និងស្របទៅតាមស្តង់ដាបច្ចេកទេស។

មន្ត្រីសាលាខណ្ឌទួលគោក បានឲ្យដឹងថា កំណាត់ផ្លូវលេខ៥៨៤ ដែលត្រូវធ្វើការជួសជុលឡើងវិញនេះ មានប្រវែង១៧៨ម៉ែត្រ និងទទឹង៨ម៉ែត្រ ចាប់ពីផ្លូវ៣១៣ដល់ផ្លូវ៣០១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ដោយចាប់ផ្តើមឈូសឆាយធ្វើគ្រឹះខាងក្រោមតាំងពីថ្ងៃ២០ ឧសភា រហូតមកដល់ពេលនេះទើបធ្វើការអ៊ុតកៅស៊ូAC តែម្តង ហើយកំណាត់ផ្លូវនេះបានប្រើប្រាស់ពេល២ថ្ងៃប៉ុណ្ណោះនឹងរួចរាល់ជាស្ថាបពរ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងឱកាសនៃការចុះពិនិត្យមើលការដ្ឋាននេះបានមានប្រសាសន៍ឲ្យដឹងថា ការជួសជុលនិងស្ថាបនាផ្លូវជាច្រើនខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងកំណាត់ផ្លូវ៥៨៤ ដែលបាននិងកំពុងធ្វើការជួសជុលអ៊ុតកៅស៊ូនាពេលនេះ គឺប្រើប្រាស់ថវិកាគម្រោងមូលនិធិខណ្ឌឆ្នាំ២០១៦ និងទទួលការស្ថាបនានិងជួសជុលដោយក្រុមហ៊ុន លីន សុគន្ធាគ្រុប ។

លោក ឯក ឃុនដឿន បានបន្តថា ការជួសជុលកំណាត់ផ្លូវជាច្រើនខ្សែនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការណែនាំពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ទើបសាលាខណ្ឌទួលគោកចុះធ្វើការជួសជុលផ្លូវ ដែលខូចខាតក្នុងមូលដ្ឋានជា ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ៕

photo_2016-05-30_14-47-16

photo_2016-05-30_14-47-21

photo_2016-05-30_14-47-24

photo_2016-05-30_14-47-26

មតិយោបល់