ភ្នំពេញៈ ខណៈដែលស្ថានការណ៍បាតុកម្ម បាន និងកំពុងតានតឹងនៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អស់រយៈពេលជាច្រើនម៉ោង ពេលនេះ រថយន្តតំណាងរាស្ត្រចំនួន២៣គ្រឿង ត្រូវបានសមត្ថកិច្ចបើកច្រកឲ្យចេញក្បួន ដើម្បីធ្វើដំណើរយកញត្តិទៅដាក់នៅព្រះបរមរាជវាំង។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង២៖៣៥នាទី មុននេះ រថយន្តតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ចំនួន២៣គ្រឿង ត្រូវបានសមត្ថកិច្ចបើកច្រកឲ្យធ្វើដំណើរជាធម្មតា ប៉ុន្តែអ្នកហែហម ឬអ្នកគាំទ្រ ត្រូវបានរាំងដោយកងកម្លាំងប្រដាប់អាវុធ។
គិតចាប់តាំងពីម៉ោងជាង១ រហូតដល់ម៉ោងជាង២រសៀលនេះ ព្រឹត្តិការណ៍បាតុកម្មនៅលើផ្លូវជាតិលេខ២ មិនទាន់ធូរស្រាលនៅឡើយទេ ពោល គឺកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចសង្កាត់ចាក់អង្រែលើ ត្រូវបានបិទចរាចរណ៍មិនឲ្យធ្វើដំណើរឆ្លងកាត់។ ទន្ទឹមនឹងនោះ អ្នកគាំទ្រខាងស្ថាប័នតុលាការឯណោះវិញ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើបាតុកម្មតបតវិញផងដែរ ដែលគេដឹងថា ដឹកនាំដោយលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា។
ទោះជាយ៉ាងណា ស្ថានការណ៍នៅទីនោះ មិនមានអ្វីប្រែប្រួលនៅឡើយទេ ពោល គឺមិនទាន់មានការបំបែកក្បួន ខណៈពលរដ្ឋម្ខាងគាំទ្រលោក កឹម សុខា និងពលរដ្ឋម្ខាងទៀត គាំទ្រខាងស្ថាប័នតុលាការគ្រាដែលសមត្ថកិច្ចនៅចំណុចកណ្ដាល៕
មតិយោបល់