ព័ត៌មានជាតិ

ឈរចែកចាយគ្រឿងញៀននៅមុខក្លឹបមិតណាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះបង្ក្រាបជាក់ស្តែងករណី ជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២ និង២០នាទីយប់ រំឡងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះទី១ឈ្មោះ ឃុន ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ឈុន សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ ១ធំកញ្ចប់ និងតូចចំនួន៨កញ្ចប់។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើងលុះដល់ម៉ោងកើតហេតុចំណុចម្តុំក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក៏ឃើញជនសង្ស័យចំនួន២នាក់ កំពុងនាំគ្នាឈរនៅមុខក្លឹបមីតណាយ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានឈប់ម៉ូតូដើម្បីធ្វើការត្រួតពិនិត្យនិងឆែកឆេរ លើខ្លួនប្រាណជនសង្ស័យទាំង២ រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ ១ធំកញ្ចប់ និងតូចចំនួន៨កញ្ចប់ បានតែម្តង។

បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាង មកកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនាំតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង បញ្ជូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរនបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់