ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន យ៉ុង សៀង បានបើកកៀរម៉ូតូនិងកិនយុវជនម្នាក់បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់!

កណ្តាលៈគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត ក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន យ៉ុង សៀង បានបើកកៀរម៉ូតូសេ១២៥ បណ្តាលឲ្យដួលនិងកិនយុវជនម្នាក់ស្លាប់យ៉ាងរន្ធត់ ចំណែករថយន្តបានបើករត់ចូលក្រុមហ៊ុន តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃើញវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

រថយន្តបង្កម៉ាកfoton ប្រភេទក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ជារបស់ក្រុមហ៊ុន (យ៉ុង សៀង) បើកបរដោយឈ្មោះ ហ៊ាង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីជើងមកត្បូង ហើយបត់ស្ដាំ(ភ្នំពេញ មកតាកែវ ហើយបត់ស្ដាំ) ។ ចំណែកម៉ូតូរងគ្រោះម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1092 បើកបរដោយឈ្មោះ សុខ ស៊ីថៃ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងមកត្បូង(ស្របទិសគ្នា)។

មុនពេលកើតហេតុរថយន្តបង្កបានបើកក្នុងទិសដៅពីភ្នំពេញមកតាកែវ(ពីជើងមកត្បូង) និងម៉ូតូរងគ្រោះបើកបរស្របទិសគ្នាពេលមកដល់កន្លែងកើតហេតុរថយន្តបានបត់ស្ដាំចូលយកស៊ីម៉ង់ត៍ក្នុងក្រុមហ៊ុន យ៉ុងសៀង ស្ថិតក្នុងភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ បានកៀរម៉ូតូដួលបណ្ដាលឲ្យកិនពីលើអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្ដង ហើយរថយន្តបង្ករបានបើកយកមកទុកនៅក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍តែម្ដង ចំពោះអ្នកបើកបរគេចខ្លួនបាត់។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយបន្តទៀត ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់