ព័ត៌មានជាតិ

សាហាវមែន! បាញ់ប្លន់ទាំងថ្ងៃយកម៉ូតូស្រ្តីមានផ្ទៃពោះ តែមិនបានសម្រេច

ភ្នំពេញៈ ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីស្រ្តីមានផ្ទៃពោះម្នាក់ ជិះម៉ូតូទៅយកកូនចេញពីសាលារៀន ត្រូវបានចោរមួយក្រុមបាញ់ប្លន់យកម៉ូតូ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង២៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចក្បែរក្រុមហ៊ុនស្កាយ៣១ ផ្លូវលេខ២៨៧ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឡាច វង្សសារ៉ាត់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ផ្ទះជួលទួលសង្កែ សង្កាត់ទួលសង្កែល ខណ្ឌឬស្សីកែវ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX- 4778 ទៅយកកូនចេញពីរៀននៅសាលាសុវណ្ណភូមិ តាមផ្លូវលេខ២៨៧ លុះមកដល់ចំណុចកើតហេតុក្បែរក្រុមហ៊ុនស្កាយ៣១ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកនិងគ្មានស្លាកលេខ បានស្រែកឲ្យគាត់ចុះពីលើម៉ូតូ ដកយកសោម៉ូតូគាត់ ហើយជនសង្ស័យដកកាំភ្លើងបាញ់ទៅលើដើម្បីប្លន់ តែបាញ់មិនផ្ទុះជនសង្ស័យក៏បានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការសាកសួរពីភិនភាគជនសង្ស័យ ដើម្បីកំណត់មុខសញ្ញា។ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកក់ទី១ ដើម្បីធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យផងដែរ៕

មតិយោបល់