ព័ត៌មានជាតិ

ក្រុងបាត់ដំបងទទួលបាន បន្ទប់ទឹក និងបង្គន់អនាម័យ សាធារណៈ តម្លៃជាង ៥ម៉ឺនដុល្លារ

បាត់ដំបងៈ មុខមាត់ថ្មីរបស់ក្រុងបាត់ដំបង ដែលបានទទួលបន្ទប់ទឹក និងបង្គន់អនាម័យសាធារណៈ សម្រាប់ឲ្យភ្ញៀវជាតិ អន្តរជាតិ ក៏ដោយជាប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងមូលបានប្រើប្រាស់ជាសាធារណៈ ក្នុងតម្លៃមួយដែលយើងគ្រប់គ្នានឹកស្មានមិនដល់ ដោយសារតែមានការឧបត្ថម្ភពីសំណាក់សមាគមន៍បង្គន់អនាម័យពិភពលោក រួមនិងថវិកាផ្ទាល់ខ្លួនរបស់លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ទើបសមិទ្ធផលនេះ បានលេចចេញជារូបរាង ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ ។

ពិធីនេះ មានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោក តេ យ៉ាំង យ៉ោម អភិបាលក្រុងស៊ូវុននៃសាធារណរដ្ឋ កូរ៉េ និងជាប្រធានសមាគមន៍បង្គន់អនាម័យពិភពលោក ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនានាជុំវិញខេត្តជាច្រើនរូបផងដែរ។

លោក សៀងឯម វូនស៊ី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា វាជាកិត្តិយសដ៏ធំធេង ដែលក្រុងបាត់ដំបង បានទទួលនូវបង្គន់អនាម័យសាធារណៈមួយនេះ ស្របពេលដែលខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ ជ័យលាភីជាទីក្រុងស្អាតរួចមក ហើយក៏ជាលើកទី១ ដែលក្រុងបាត់ដំបងមានបង្គន់អនាម័យបែបស្តង់ដារអន្តរជាតិ ខណៈដែលនៅតាមសួនសាធារណៈមិនទាន់មានបង្គន់អនាម័យបែបនេះ។

លោកអភិបាលក្រុងបានបន្ថែមថា ការសាងសង់នេះ គឺសាងឡើងអំពីបេតុងអាមេ ដោយបានចាប់ផ្តើមសាងសង់រយៈពេល៥៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែមេសា មកទល់នឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦ ដោយមានទំហំ៩ម៉ែត្រ គុណនិង១០ម៉ែត្រ កម្ពស់២ជាន់ ដំបូលប្រក់អំពីក្រណាត់ជាតិនីឡុងពិសេស ក្នុងនោះមានបន្ទប់ទឹក បង្គន់សម្រាប់បុរស ចំនួន៧បន្ទប់ បង្គន់សម្រាប់ជនពិការ១បន្ទប់ បង្គន់សម្រាប់ស្ត្រី មានចំនួន ៥បន្ទប់ បង្គន់នោម បុរសមានចំនួន៤កន្លែង ឡារ៉ាបូ លាងដៃសរុបចំនួន៨កន្លែង ដែលបានសង់ឡើងតាមកម្រិតស្តង់ដារយ៉ាងពិសេស ដោយបានចំណាយទឹកប្រាក់សរុបអស់ចំនួន ៥១០០០ដុល្លារ។ ក្នុងនោះប្រធានសមាគមន៍បង្គន់អនាម័យពិភពលោក បានជួយឧបត្ថម្ភចំនួន៣៥០០០ ដុល្លារ និងលោកអភិបាលខេត្ត ច័ន្ទ សុផល បានឧបត្ថម្ភចំនួន១៥០០០ដុល្លារអាមេរិក។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខេត្តនាពេលកន្លងមក ដើម្បីប្រែក្លាយមុខមាត់ខេត្តឲ្យមានភាពស្រស់បំព្រង។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចេះជួយថែរក្សានូវសមិទ្ធផលណា ដែលយើងបានកសាងសម្រេចមកហើយ ដើម្បីឲ្យបានគង់វង់យូរអង្វែង៕

image1image2image3

មតិយោបល់