ភ្នំពេញៈ នៅក្រោយពីបើកសវនាការអស់ពីរលើក រួមទាំងព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះផង លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកសំណុំរឿង ចូលរួមធ្វើកុបកម្មរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ មកធ្វើការជំនុំជម្រះបន្តទៀត។
ជនជាប់ចោទទាំងបីនាក់នៅក្នុងសំណុំរឿងនេះរួមមាន៖
-ទី១ ឈ្មោះ រឿង ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
-ទី២ ឈ្មោះ យន់ គឹនហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
-ទី៣ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៣៣ឆ្នាំ
ត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការចោទប្រកាន់ពីបទ ចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស និងប្រព្រឹត្តអំពើហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤៥៦ មាត្រ៤៥៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ តុលាការបានធ្វើការសាកសួរដេញដោលជនជាប់ចោទឈ្មោះ យា ថុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមក្នុងការធ្វើកុបកម្មពិតមែន ក៏ប៉ុន្តែខ្លួនមិនបានវាយតប់គ្នាជាមួយក្រុមសន្តិសុខខណ្ឌដូនពេញនោះទេ គឺខ្លួនបានជួយសន្តិសុខម្នាក់ដែលត្រូវគេវាយ យកទៅទុកក្នុងក្រសួងសាធារណការ។
គួររំឮកថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ មានជនជាប់ចោទចំនួន ពីរនាក់ត្រូវបានតុលាការសាកសួរដេញដោលក្នុងសវនាការ៖
-ឈ្មោះ រឿង ចិត្រា បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលរួមកុបកម្មនៅទីលានប្រជាធិបតេ្យពិតមែន ហើយបានប្រព្រឹត្តអំពើហិង្សា ដោយសារក្រុមសន្តិសុខបានវាយត្រូវរូបខ្លួន ហើយខ្លួនបានវាយតប់ទៅវិញដើម្បីការពារខ្លួនតែប៉ុណ្ណេះ។
-ឈ្មោះ យន់ គឹនហួរ បានឆ្លើយសារភាពថា ខ្លួនក៏បានចូលរួមក្នុងតវ៉ាទាមទាររំដោះទីលានប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ដោយសារតែធ្លាប់បានឃើញ និងឮថា មានក្រុមសន្តិសុខច្រើននាក់មកវាយតប់ប្រជាពលរដ្ឋហើយពេលនោះខ្លួនក៏ផ្ទុះកំហឹងទ្រាំមិនបានក៏ចូលរួមវាយតប់ ក៏ប៉ុន្តែគ្រាន់តែយកដងទង់ជាតិជ័រក្រវីដាក់ក្រុមសន្តិសុខតែមិនបានវាយទេ។
ទោះជាយ៉ាង សំណុំរឿងខាងលើនេះត្រូវបាន លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៦ខាងមុខនេះ៕
មតិយោបល់