(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃចន្ទ ទី២៧ ខែធ្នូនេះ បាន ឱ្យដឹងថាព្រិលធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងការលុបចោលជើងហោះហើរ ព្រមទាំងរំខានដល់សេវារថភ្លើង នៅភាគកណ្តាលប្រទេស។
ប្រជាជនជាង ៣,២០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ខណៈក្រុមមន្ត្រីបានព្រមានថា នឹងមានព្រិលធ្លាក់ខ្លាំងបន្ថែមទៀត ពេញមួយយប់តែម្តង។ បើតាមក្រុមហ៊ុន ផលិតថាមពល កាន់សៃ (Kansai Electric Power) តែមិនទាន់មានអ្នករងរបួស ឬស្លាប់ ដោយសារអាកាសធាតុត្រជាក់នៅឡើយទេ។
នៅឯទីក្រុង Hikone គឺជាកន្លែងដែលមានព្រិលធ្លាក់ក្នុងកម្រាស់ ៦៨សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកនេះ។ ដោយឡែក អ្នកដំណើរជិត ២០០នាក់ បានជាប់គាំងពេញមួយយប់នៅលើខ្សែរថភ្លើងក្នុងស្រុក រីឯជើងហោះហើរក្នុងស្រុកប្រហែល ១៣០ជើងក៏ត្រូវបានលុបចោលផងដែរ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយសារតែព្រិលធ្លាក់ខ្លាំង ហើយជើងហោះហើរប្រហែល ៥០ជើងទៀត ត្រូវបានលុបចោលនៅក្នុងថ្ងៃចន្ទនេះ៕
ប្រភព៖ AFP
មតិយោបល់