ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឧដុង្គ

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺទទួលបន្ទុកចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក SCOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FY 4016 ជិះដោយឈ្មោះ ឈួន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅទួកគោក រាជធានីភ្នំពេញ(ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឧដុង្គ) និងអ្នករួមដំណើរឈ្មោះ គុណ ដារាវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ(របួសស្រាល) ជិះម៉ូតូដល់ចំណុចកើតហេតុខាងលើ បានទៅបុកគោយន្តកំពុងបើកបរពីក្រោយពេញទំហឹង (អ្នកបើកបរគោយន្តមិនស្គាល់ឈ្មោះរត់គេចខ្លួន)។

ចំណែកវត្ថុតាង ម៉ូតូ និងគោយន្ត បញ្ជូនមករក្សាទុកនៅអធិការដ្ឋាន ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់