កណ្តាលៈ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីយភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងមានការចូលរូម ពីលោកស្នងការ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរង មេសឹក មេសឹករង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោកអធិការ ទាំង១១ស្រុក ក្រុង និងប្រតិភូអមដំណើរទាំងអស់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងកម្មពិធីតែងតាំងមុខតំណែងនោះដែរ ក៏មានការផ្លាស់ប្តូរលោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានផ្លាស់មកកាន់ជានាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ចំណែកឯលោកវរសេនីយ៍ ទោ ស កែវពិសិដ្ឋ ពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅជាអធិការនគរបាលក្រុងតាខ្មៅវិញ រួមនិងបានផ្លាស់ប្តូរមុខតំណែង មន្ត្រីមួយចំនួនទៀតផងដែរ។
លោក ប៉ែន វិបុល បានផ្តាំផ្ញើដល់មន្ត្រីទើបផ្ទេរភារកិច្ចចូលមកកាន់មុខតំណែងថ្មី ក៏ដូចជាមន្ត្រីដែលកំពុងកាន់មុខតំណែង ត្រូវខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់របស់ជាមន្ត្រីនគរបាលជាតិឆ្លើយទៅនិងរាជរដ្ឋាភិបាលដែលបានទុកចិត្តលើបងប្អូននោះ៕
មតិយោបល់