ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន ១១កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ស្តែងនៅម្តុំផ្សារតាប៊ុន កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចលើលូទឹកស្អុយ ផ្លូវបេតុង ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ថាច់ អ៊ុយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករលីសែងត្រី (ជួញដូរគ្រឿងញៀន) មានលំនៅផ្ទះជួល ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅម្តុំផ្សារតាប៊ុន នៅពេលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើរួមមក សមត្ថកិច្ចយើងបានធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់តូច និងថ្នាំពណ៌ក្រហមចំនួន មួយកញ្ចប់។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរបន្ត។
ក្រោយពីសាកសួរជនសង្ស័យខាងលើរួចមក រូបគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយរូបគេលក់ក្នុងមួយកញ្ចប់តម្លៃ ២៥០០០ម៉ឺនរៀលទៅ ៣៥០០០ម៉ឺនរៀលក្នុង មួយកញ្ចប់។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់