ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះត្រួតពិនិត្យទីតាំងបញ្ចាំនិងស្ដុករថយន្ត ក្បែរគុកព្រៃសតែត្រូវបរាជ័យ!

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដង្កោ រួមមានអាជ្ញាធរខណ្ឌ កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះទៅធ្វើការត្រួតពិនិត្យទីតាំងបញ្ចាំមួយកន្លែង ស្ថិតនៅក្បែរពន្ធនាគារព្រៃស ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយមានការសង្ស័យថា ទីតាំងនោះមានស្តុករថយន្តគ្រប់ប្រភេទដែលទទួលបញ្ចាំពីភ្នំពេញ និងជាទីតាំងខុសច្បាប់គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែប្រតិបត្តិការរបស់ក្រុម កងកម្លាំងខាងលើនេះ បានទទួលបរាជ័យដោយសារតែគ្មានការឯកភាពពីព្រះរាជអាជ្ញាអមសាលដំបូងរាជធានីភ្នំពេញផង និងគ្មានការចូលរួមពីម្ចាស់ទីតាំងនោះផង។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងទទួលបញ្ចាំនិងនិងស្ដុករថយន្តដែលមានការសង្ស័យថា មានការខុសច្បាប់មួយនោះ មិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេហើយទីតាំងនោះបានបិទទ្វារចាក់សោពីខាងក្រៅជាប់មិនតែប៉ុណ្ណោះក្រៅពីការដាក់ស្លាកទទួលបញ្ចាំក៏បានដាក់ស្លាកលក់ដីបន្ទាន់ថែមទៀតផង ដែលមិនទាន់ដឹងថាជាការដាក់បញ្ឆោតបន្លំភ្នែកមហាជននិងសមត្ថកិច្ច ដើម្បីកុំឲ្យចាប់អារម្មណ៍ទៅលើការស្ដុករថយន្តនៅក្នុងនោះឬបែបណានោះឡើយ។ ម្យ៉ាងទៀតការចុះទៅបម្រុងឆែកឆេរទីតាំងមួយនេះ គឺធ្វើឡើងអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានបញ្ជាឲ្យសមត្ថកិច្ចគ្រប់បណ្ដាខណ្ឌទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវតែបង្ក្រាបរាល់ទីតាំងទទួលបញ្ចាំដោយខុសច្បាប់ទាំងអស់
ដើម្បីទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ហើយក៏មានការសង្ស័យថាទីតាំងនោះខុសច្បាប់ដែរ។

ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃនោះកម្លាំងសមត្ថកិច្ចខាងលើបានចុះទៅកាន់ទីតាំងសង្ស័យមួយនេះ តាំងពីវេលាព្រឹកមកម្លេះ ប៉ុន្តែរហូតដល់វេលាល្ងាចថ្ងៃដដែលនៅតែមិនបានជោគជ័យនៅក្នុងការងារមួយនេះឡើយ ព្រោះនៅក្នុងពេលនោះបានសុំគោលការណ៍ទៅព្រះរាជអាជ្ញាសាលាដំបូងដើម្បីចូលធ្វើការត្រួតពិនិត្យ ហាក់មានការសម្រេចយឺតយ៉ាវ ចំណែកម្ចាស់ទីតាំងមានបានសហការទៀត ។ កម្លាំងបានអឺតមើលតាមប្រហោងទ្វាររបងបានឃើញនៅក្នុងឃ្លាំងខាងលើ មានរថយន្តជាច្រើនគ្រឿងតែមិនទាន់ដឹងថាចំនួនប៉ុន្មានគ្រឿងនៅឡើយទេ ព្រោះគ្មានការឯកភាពពីព្រះរាជអាជ្ញាដើម្បីចូលទៅធ្វើការត្រួតពិនិត្យឲ្យបានឃើញច្បាស់ឡើយ ហើយកម្លាំងបានត្រឹមតែចងអង្រឹងដេកចាំការសម្រេចរបស់ព្រះរាជអាជ្ញារនៅខាងក្រៅតែប៉ុណ្ណោះ៕

https://youtu.be/iZqssAsQJ4k

មតិយោបល់