ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រារួចទៅមើលត្រីមង ក្រោយមកស្រាប់តែប្រទះឃើញដួលស្លាប់ក្នុងទឹក ដោយសង្ស័យថាមានជម្ងឺខ្យល់គរ!

កណ្តាលៈ បុរសម្នាក់បានដួលផ្កាប់មុខសង្ស័យខ្យល់គរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលផឹកស្រាចំនួន១កែវ រួចដើរមកផ្ទះយកធុងដាក់ត្រីទៅមើលមង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចដីស្រែប្រាំងឈ្មោះ អ៊ូ ព្រឿងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្កកណ្ដាល។

ប្រភពព័ត៌មានពីនគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ យោងតាមការស្រាវជ្រាវរបស់ផ្នែកនគរបាលយុត្តិធម៌ស្រុកឃើញថា នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកពីដេកជួយលើកឥវ៉ាន់ឲ្យកូនប្រសារដាក់ឡាន ដើម្បីទៅធ្វើការនៅភ្នំពេញ បន្ទាប់មកជនរងគ្រោះបានចូលផឹកស្រានៅផ្ទះឈ្មោះ ថោង ម៉ើ ចំនួន១កែវ រួចដើរមកផ្ទះយកធុងដាក់ត្រី ទៅមើលមងនៅកន្លែងកើតហេតុ។ លុះដល់ម៉ោង៧ថ្ងៃដដែល ប្រពន្ធមកពីលក់ខោអាវជជុះនៅផ្សារ មកដល់ផ្ទះពុំឃើញប្ដី ក៏នាំចៅដើររកនៅកន្លែងដែលប្តីធ្លាប់រាយមង។ ពេលរកមិនឃើញប្ដី ក៏បានចុះទៅលើកមងខ្លួនឯងនៅកន្លែងកើតហេតុស្រាប់តែឃើញប្ដីរបស់ខ្លួនដេកផ្កាប់មុខស្លាប់ក្នុងទឹកជម្រៅត្រឹមជង្គង់ ក្បាលទៅទិសខាងកើត ជើងទាំងពីរសណ្ដូកទៅលិចបន្ទាប់មក ក៏ស្រែកហៅគេឲ្យជួយដោយលើកសពយកមកដាក់លើគោក និងរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នៅវេលាម៉ោង១១និង២៣នាទី។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលដំណឹងរួចកម្លាំងជំនាញស្រុកប៉ុស្តិ៍បានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពឃើញថា សាកសពពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ។

ការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយដួលនៅក្នុងទឹកស្របពេលទៅមើលមង។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់