ព័ត៌មានជាតិ

កង់បីឥណ្ឌាបុកពីក្រោយចំកង់រថយន្តថៅកែ ខារ៉ាអូខេ លឺកាស៊ីក្រឡាប់ផ្ងារជើងសង១០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: ថៅកែ ខារ៉ាអូខេ លឺកាស៊ី បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ស្រាប់តែកង់បីឥណ្ឌា បើកលឿនមកពីក្រោយបុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងាជើង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះជួយសម្រួលចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៨និង០៥នាទីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២មុខផ្ទះលក់សំបកកង់រថយន្តគ្រប់ប្រភេទ យីហោ ចាន់ឃីមភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសវ័យចំណាស់ម្នាក់ ដែលអ្នកភូមិនៅទីនោះស្គាល់ថា ជាថៅកែ ខារ៉ាអូខេ លឺកាស៊ី រួមជាមួយក្រុមគ្រួសារពីរបីនាក់ទៀតជាអ្នករួមដំណើរ បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រលប់ក្រោយ ស្រាប់តែកង់បីឥណ្ឌា មួយគ្រឿង ពណ៌សអត់ពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនមកពីក្រោយ ទៅបុកចំកង់រថយន្តខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងាជើង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយសម្រួលចរាចរណ៍ហេតុការណ៍នេះ មិនមានអ្នករបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានបាញ់គំនូសរួចឲ្យរថយន្តអែបខាង រួចឲ្យភាគីទាំងសងខាងដោះស្រាយគ្នា មួយជំហានដោយភាគីខាង រថយន្ត មិនចង់វែងឆ្ងាយ ទើបយល់ព្រមសងសំណង១០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដង៕

មតិយោបល់