ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាប បានបង្កការភ្ញាក់ផ្អើលរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យដែលប្រជាពលរដ្ឋអះអាងថា សពនោះគឺបានលោតទឹកកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៨និង២០នាទីយប់។
ហេតការណ៍នេះបានបង្កការភ្ញាក់ផ្អើលនេះកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅច្រាំងទន្លេសាបខាងកើត ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ តាំង អ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ បុរសជនរងគ្រោះបានទៅសុំលុយពីប្រពន្ធ ដើម្បីទៅលេងហ្គេមបាញ់ត្រី ដោយពេលទៅសុំលុយប្រពន្ធ ស្រាប់ប្រពន្ធមិនបានអោយទេ ក៏មានការឈ្លោះប្រកែតគ្នាខ្លាំងៗ ហើយបុរសជាប្តីបានដើរចេញពីផ្ទះបាត់។
លុះមកដល់វេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃដដែល បុរសជាប្តីបានដើរមកលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួនដោយការលោតទឹកសម្លាប់ខ្លួន។ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ក៏មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ក្រោយមក សមត្ថកិច្ចខណ្ឌជ្រោយចង្វារបានទាក់ទងទៅក្រុមគ្រួសារឲ្យចុះមកពិនិត្យមើលសាកសព ក្រែងជាសាច់ញាតិរបស់ខ្លួន នៅពេលចុះមកដល់ចំណុចកើតហេតុខាងលើ ក្រុមគ្រួសារបានអះអាងថា សាកសពនេះពិតជាសពរបស់កូនប្រុសរបស់គាត់ពិតប្រាកដមែន។
ក្រោយមក សមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបច្ចេកទេសឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានប្រាប់ថាសាកសពបុរសរងគ្រោះខាងលើ គឺស្លាប់ដោយសារឈ្លក់ទឹកពិតប្រាកដមែន។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅឯវត្តមហាមន្ត្រី តាមប្រពៃណី៕
មតិយោបល់