ក្រុងតាខ្មៅ នឹងស្នងបន្តបុណ្យទន្លេលើកទី ៤ ដែលជាបុណ្យអេកូទេសចរណ៍ នឹងប្រារព្ធធ្វើឡើង នៅខែមីនា ឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេ គឺបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើង ដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទំលាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ។
លោក បានណែនាំដល់ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលថ្មី ឲ្យអនុវត្តការងារសំខាន់ៗជាច្រើន ជាពិសេសគឺ ការពង្រឹងការងារទីក្រុងស្អាត ត្រៀមលក្ខណៈ និងសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងសាលាខេត្តកណ្តាល ដើម្បីរៀបចំពិធីបុណ្យទន្លេ។
ក្រៅពីនោះ ត្រូវខិតខំបង្កើតជា កញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តកណ្តាល ដោយតភ្ជាប់គោលដៅទេសចរណ៍ពីមួយទៅមួយ នឹងរៀបចំបង្កើតជា ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ឲ្យបានច្រើន។
គួរជម្រាបដែរ ខេត្តកណ្តាល មានរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ជាច្រើន ដែលសុទ្ធតែទាក់ទាញដូចជា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គៀនស្វាយ បាសិត ចំការស្នេហ៍ ស្អាងភ្នំជាដើម៕
មតិយោបល់