ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន៤កញ្ចប់ធំ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ទី១៧ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១ឈ្មោះ ហាក់ សុភ័ក្ត្រ ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២ឈ្មោះ វ៉ន់ សីឡា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នអ្នកទាំង ២នាក់មានមុខរបរ មិនពិតប្រាកដ និងស្នាក់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណៈដែលជិះមកដល់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ក៏បានប្រទះឃើញជនសង្ស័យទាំង ២នាក់ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានឃាត់សួរនាំ ព្រមទាំងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់ធំ, កាបូបតូច១ , ឧបករណ៍ប្រើប្រាស់ និងថ្លង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ម៉ូតូ១គ្រឿង ម៉ាក ភូសា ពណ៌ខៀវបិតពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-9909។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់