ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តពេញទំហឹង បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងឹកន្លែង ក្រោយជិះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តពេញទំហឹង នៅចំណុចផ្លូវបំបែកជាបួន ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៧ កែងនឹងផ្លូវ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកMG សេរីទំនើប ពណ៌ស មួយគ្រឿង មានស្លាកលេខ ភ្នំពេញ2BO-8235 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង។ ខណ:ដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក QBIX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1HW-7087 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨០ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បុករថយន្តពេញទំហឹង បណ្តាលឱ្យបែកក្បាលហូរឈាម ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

យោងតាមការឱ្យដឹងពីម្ចាស់រថយន្តថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងទៅត្បូងបំណងទៅផ្ទះ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវម៉ូតូមួយគ្រឿង ជិះក្នុងល្បឿនលឿនមកបុករថយន្តរបស់គាត់ពេញទំហឹងនៅផ្នែកខាងស្តាំ បណ្តាលឱ្យកញ្ចក់ទ្វាររថយន្តបែកខ្ទាតត្រូវ រងរបួសសើរស្បែក ចំណែករថយន្តរងការខូចខាតមួយចំហៀងទ្វារខាងស្តាំ។ ក្រោយពេលបុករួច គាត់ក៏បានបន្តដំណើរទៅមុន ដោយគិតថាគេជាអ្នកបុកគាត់ ស្រាប់តែធ្វើដំណើរទៅត្រង់បានប្រមាណ២០០ម៉ែត្រ ស្រាប់តែរថយន្តរលត់មិនអាចបន្តដំណើរទុកមុខទៀតបាន។

សូមបញ្ជាក់ថា សពមានឈ្មោះជាភាសាអង់គ្លេស CHAMAN HO ភេទប្រុស អាយុប្រមាណ២០ឆ្នាំ នៅលើកាតសម្គាល់ខ្លួន មានដាក់បង្ហាញថា MIDTOWN ត្រូវបានប្រជាពលរដ្ឋសង្ស័យថា ជាបុគ្គលិកធ្វើការនៅផ្សារ MIDTOWN ផ្លូវ២០០៤។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងបាននាំម្ចាស់រថយន្តទៅប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរបន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងចរចារណ៍ ឱ្យចុះមកធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសព រង់ចាំក្រុមគ្រួសារមកទទួលយក៕

មតិយោបល់