ឧត្តរមានជ័យៈ គ្រឿងចក្ររបស់ក្រុមហ៊ុនចិនមានឈ្មោះថា «ក្រុមហ៊ុនអីណូហាយត្រូ» ដែលកំពុងឈូសឆាយដីមួយកន្លែង នៅចំណុចភ្នំអាតោ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្ររ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋចំនួន៦ភូមិ បាននាំគ្នាមកឃាត់ឲ្យបញ្ឈប់សកម្មភាព កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
សេចក្ដីរាយការណ៍ មកថា ប្រជាពលរដ្ឋ ក្នុង៦ភូមិ ដែលមកឃាត់រថយន្តសកម្មភាពឈូស ឆាយ ភូមិស្រះកែវ ឃុំពង្ររ, ភូមិអាតោ ឃុំចុងកាល់, ភូមិចាថ្មី ឃុំលំទងស្រុកអន្លង់វែង, ភូមិបាក់នឹម សង្កាត់កូនក្រៀល, ភូមិកូនដំរី ឃុំសំរ៉ោង, ភូមិទំពឿ ឃុំលំទង។
ប្រជាពលរដ្ឋ ក្នុងចំណោម៦ភូមិ បានឲ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នាមកបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុន អីណូហាយត្រូ (ចិន) ដោយសារតែក្រុមហ៊ុនខាងលើមិនទាន់ដោះស្រាយនូវផលប៉ះពាល់ដែល ក្រុមហ៊ុនបានឈូស ឆាយ លើដីពួកគាត់។
ពួកគាត់ បន្តទៀតថា ឲ្យភាគីខាងក្រុមហ៊ុនដោះស្រាយផលប៉ះពាល់ដល់ពួកគាត់ជាមុនសិនទើបពួកគាត់ឲ្យធ្វើសកម្មភាពបន្តទៀត។
សូមបញ្ជាក់ថា ក្នុងសកម្មភាពបញ្ឈប់របស់ប្រជាពលរដ្ឋខាងលើរហូតដល់ម៉ោង១២ទៅម៉ោង១ទៅហើយ ក៏មានវត្តមានលោក ហៀប ប៊ុនរិទ្ធ អភិបាលស្រុកចុងកាល់មកសម្របសម្រួលដែរ ប៉ុន្តែ នៅតែមិនទាន់ដោះស្រាយបានដោយហេតុថា ភាគីទាំងសងខាងមិនទាន់បានវិលទៅដោះស្រាយត្រូវគ្នា នោះទេ៕








មតិយោបល់