ភ្នំពេញៈ រថយន្តLexus RX300 ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ. 0994 បានបុករថយន្ត Camryឆ្លាម ពណ៌ស្ករ ផ្លាកលេខភ្នំពេញ 2J. 1339 បណ្តាលឲ្យដាច់កង់មុខខាងឆ្វេង ចំណែករថយន្តឆ្លាម បានខ្ទាតធ្លាក់ផ្លូវ តែពុំមានមនុស្សរងរបួសទេ។
ដែលករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី៣១ ឧសភា ២០១៦ វេលាម៉ោង ៩:១៧នាទី លើផ្លូវ២០០៤ ចម្ងាយពីភ្លើងចរាចរណ៍ ស៊ិនជូរី ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តCamryឆ្លាម បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ចំណែករថយន្ត Lexus RX300 បើកមកពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូត ទៅបុករថយន្ត Camryឆ្លាម បណ្តាលឲ្យដាច់កង់ ទៅមុខលែងរួច បន្ទាប់ពីបង្កហេតុ ម្ចាស់រថយន្ត Lexus បានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ប៉ូលិសខណ្ឌពោធិសែនជ័យ បានចុះទៅ ធ្វើកំណត់ហេតុ ប៉ុន្តែស្រាប់តែមាន សាច់ញាតិខាង រថយន្តLexus មករំខានកិច្ចការប៉ូលិស បណ្តាលឲ្យប៉ះពាល់ជាពាក្យសំដីគ្នាខ្លះៗ តែយ៉ាងណាក៏ប៉ូលិសសម្រេច ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការខណ្ឌ ពោធិសែនជ័យ ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់