ព័ត៌មានជាតិ

ព្រឹកនេះសម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសម៉ាឡេស៊ី

ភ្នំពេញៈ នៅម៉ោង៨ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនឹងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោគ្រោងជួបទ្វេភាគី ជាមួយមេដឹកនាំសំខាន់ៗមួយចំនួនផងដែរ។ សម្តេចតេជោ នឹងត្រឡប់មកវិញនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៦។

បើតាមលោក ស៊ីម ថាំរ៉ុង រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានមានប្រសាសន៍មុនឱកាសដែលសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន លើកទី២៥ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានរយៈពេល២ថ្ងៃ នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦។ បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជា នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេល២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ លោក Abdul Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែល្អប្រសើរខ្លាំងឡើងថែមទៀត រវាងប្រទេសទាំងពីរ។

វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាន នឹងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងទស្សនកិច្ចនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ ពាណិជ្ជករ និង សង្គមស៊ីវិល ទៅលើវិធីនៃការយកឈ្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមគ្នានៅក្នុងតំបន់ ជាពិសេស គឺរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។

ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ ចំនួន២ នៅអំឡុងទស្សនកិច្ចនេះ ក្នុងនោះមាន៖
១. MOU ទៅលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ
២. MOU ទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិ នៃ MYCORPS ក្នុងប្រទេសកម្ពុជា៕

photo_2016-06-01_08-02-50photo_2016-06-01_08-02-51photo_2016-06-01_08-02-52 (2)photo_2016-06-01_08-02-52photo_2016-06-01_08-02-53photo_2016-06-01_08-02-54 (2)photo_2016-06-01_08-02-54photo_2016-06-01_08-02-55 (2)photo_2016-06-01_08-02-55photo_2016-06-01_08-02-56photo_2016-06-01_08-02-57

មតិយោបល់