ភ្នំពេញៈ លោកឧត្តមសេនីយត្រី សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងតាម Telegram នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ជនជាប់ចោទឈ្មោះ ស៊ី ឡាឡយ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមេក្លោងជួញដូរគ្រឿងញៀន ជិត៦០គីឡក្រាមនោះ បានស្លាប់ហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ នៅឯមន្ទីរពេទ្យរុស្ស៊ី។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជនជាប់បចោទស្លាប់ ដោយសារជំងឺអេដស៍។
ប្រភពព័ត៌មានច្បាស់ការណ៍មួយពីមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថា ឧកញ៉ាស៊ីឡាឡយ ជាម្ចាស់គ្រឿងញៀនទម្ងន់៥៦គីឡូក្រាម បានស្លាប់ ក្រោយពីរោគសង្គមដ៏កាចសាហាវបានយាយីផ្ដាច់ជីវិត ទោះបីគ្រូពេទ្យជំនាញបានខ្នះខ្នែងដាក់ថ្នាំសង្គ្រោះក្នុងកំរិតធ្ងន់ធ្ងរ ក៏មិនអាចជួយបានដែរ។ មន្ត្រីពន្ធនាគារបានអះអាងដែរថាជនជាប់ចោទឈ្មោះ ស៊ី ឡាឡយ ពិតជាបានស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី មែន បន្ទាប់ពីជម្ងឺសង្គមធ្ងន់ធ្ងរបានធ្វើទុក្ខ ហើយខាងពន្ធនាគារបានបញ្ជូនមកសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។ សរុបមក ម្ចាស់គ្រឿងញៀន៥៦គីឡូក្រាមឈ្មោះ ស៊ីឡាឡយ បានស្លាប់ហើយមុនពេលតុលាការកាត់ទោស។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា ស៊ី ឡាឡយ ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវនៅខណៈពួកគេនាំយកគ្រឿងញៀនទម្ងន់សរុប៥៦គីឡូក្រាមចូលមកក្រុងភ្នំពេញ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលខេត្តស្ទឹងត្រែង បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៧០ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនឈ្មោះ ថង វ៉ាង ពីបទជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជនជាប់ចោទឈ្មោះ ថង វ៉ាង ភេទប្រុស ជានាយកក្រុមហ៊ុនដឹកជញ្ជូន ថង វ៉ាង គឺជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីខេត្តស្ទឹងត្រែងយកមកឲ្យឈ្មោះ ស៊ី ឡាឡយ នៅរាជធានីភ្នំពេញ។
ការចាប់ខ្លួនជនជាប់ចោទឈ្មោះ ថង វ៉ាង បានធ្វើឡើងតាមរយៈចម្លើយសារភាពរបស់ឈ្មោះ ស៊ី ឡាឡយ ដែលអះអាងថា ការដឹងជញ្ជូនគ្រឿងញៀនកន្លងមកគឺពួកគេប្រគល់ឲ្យក្រុមហ៊ុនដឹកជញ្ជូន ថង វ៉ាង ជាអ្នកទទួលខុសត្រូវក្នុងតម្លៃសេវាយ៉ាងខ្ពស់៕
មតិយោបល់