សៀមរាប៖ ស្ដ្រីជនជាតិវៀតណាមម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានចុះ បង្ក្រាប ឈានដល់ការឃាត់ខ្លួន ព្រមទាំងដកហូតយកវត្ថុតាងល្មើសមួយចំនួន។
ករណីនេះ បានធ្វើឡើងនៅវេលាម៉ោង២៣ និង៤០នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកអនុសេនីយឯក ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុខ កាំ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ទីលំនៅ បច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកបន្តថា ក្រោយពីឃាត់ខ្លួនបានកម្លាំងជំនាញ ធ្វើការដកហូតវត្ថុតាង នូវសារធាតុញៀនម្ស៉ៅគ្រើមពណ៌សថ្លាចំនួន ៣២កញ្ចប់ ស្មើនឹង ៤,៩ក្រាម ដបកែច្នៃ សម្រាប់ជក់គ្រឿងញៀនចំនួន ០១ថង់ពណ៌ស សម្រាប់វេចខ្ចប់ថ្នាំញៀន មួយចំនួនទូរស័ព្ទចំនួន ០១គ្រឿងម៉ាក ស៊ាំស៊ុង (SAMSUNG) ពណ៌ស។
លោកបន្ថែមថា ស្ត្រីដែលជាជនសង្ស័យជាជនជាតិវៀតណាមរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំ រឿងពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់