(ភ្នំពេញ) ៖ ស្ត្រីអ្នកលក់បាយកាហ្វេទឹកអំពៅលើផ្លូវលំ ត្រូវបានម្ចាស់ផ្ទះបង្កហិង្សាក្នុងគោលបំណងដេញបញ្ចប់ការជួលផ្លូវលំ ទៅដល់អ្នកលក់ដូរមួយក្រពះនៅចំណុចផ្ទះ២១៣ ផ្លូវ១៣៩ ភូមិ៣ ក្រុម២៣ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង១២:១៥នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ហើយម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីផាន ភេទស្រី អាយុ៦៥ឆ្នាំ។
ជនរងគ្រោះទាំង២នាក់បងប្អូនមានឈ្មោះ ផេង រតនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់កាហ្វេនៅលើផ្លូវលំ ស្នាក់នៅផ្ទះ១៥៤E4z ផ្លូវ២១៧ ភូមិ២ ក្រុម១៥ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងប្អូនស្រីឈ្មោះ ផេង ដាលីន ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់ ដោយកម្មករប្រុសរបស់ម្ចាស់ ទីតាំងមកបង្កហិង្សា។
យោងតាមសំដីអ្នកជួល បានប្រាប់ថា តាំងពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧ ការជួលកន្លែងលក់ដូរនៅលើផ្លូវលំ ចំនួន ៣កន្លែង ក្នុង ១កន្លែង ២០ម៉ឺនរៀល ក្នុង១ខែ។ មកដល់ឆ្នាំ២០០៧ ម្ចាស់ផ្ទះដំឡើងដល់ ៣៥ម៉ឺនរៀល និងចុងឆ្នាំ២០១៥ឡើងដល់ ៤០ម៉ឺនរៀល ហើយបាននិយាយថា ជួលបានក៏ជួល បើមិនបានរកថ្មី។ ដោយឡែកនៅក្នុងខែមិនា គាត់(ម្ចាស់ផ្ទះ) បានទទួលលុយថ្លៃកន្លែងរួចហើយ និងបញ្ជាឲ្យកម្មករមកប្រើអំពើហិង្សាវាយ ដើម្បីដេញបញ្ចប់ការជួលលក់ដូរតែម្តង ដោយម្ចាស់ផ្ទះលើកមូលហេតុស្អប់អ្នកជួលឈ្មោះ ភួង លាភ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ទឹកអំពៅ និងអ្នកជួលឈ្មោះ គឹម លី ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់បាយ និង ឈ្មោះ ផេង រតនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់កាហ្វេ។
រហូតដល់ម៉ោង១២:១៥នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ហើយម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីផាន បាននាំកម្មករប្រហែល២០នាក់ សុទ្ធតែប្រុសៗមកឈ្លោះប្រកែក ជាមួយអ្នកជួលលក់តាមផ្លូវលំ រហូតដល់កម្មករហក់វាយពីរអ្នកបងប្អូនស្រីៗជាអ្នកលក់ដូរ រងរបួសធ្ងន់ស្រាល ហើយខាងភាគីរងគ្រោះមកដាក់ពាក្យប្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សី៣ ដើម្បីនាំខ្លួនក្រុមកម្មករ និងម្ចាស់ផ្ទះដោះស្រាយតាមនីតិវិធីច្បាប់។
ចំណែកម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីផាន ខាងអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានឡើយ ដោយកូនគាត់ឈ្មោះ គីវ សុជា ភេទស្រី អាយុ២៨ឆ្នាំ ទុកឲ្យខាងសមត្ថកិច្ច ជាអ្នកដោះស្រាយតាមនីតិវិធីច្បាប់ និងសម្របសម្រួល ជាមួយជនរងគ្រោះ៕ (អ្នកប្រម៉ាញ់)


មតិយោបល់