ខេត្តកណ្តាល៖ លោកកេង វណ្ណា កំពុងធ្វើអាជីវកម្មបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរាល់ថ្ងៃ ចំពោះអាជ្ញាធរជំនាញពាក់ព័ន្ធមិនរវល់អើពើអ្វីឡើយ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងដេប៉ូខ្សាច់របស់លោកកេង វណ្ណា ស្ថិត នៅចំណុចផ្លូវ 21A មាត់ទន្លេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ការរកស៊ីរបស់គេសព្វថ្ងៃបង្កផលប៉ះពាល់គ្រប់បែបយ៉ាងពិសេសពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែនោះរកសម្រាកដេកពួនមិនបាន ដោយឮសម្លេងអេស្ការវទ័រ និងសំឡេងរថយន្តតាំងពីព្រឹករហូតដល់ល្ងាច ហើយរថយន្តរាប់សិបគ្រឿង ចូលទៅការដ្ឋានលក់ខ្សាច់បន្តកន្ទុយគ្នា យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សុទ្ធតែរថយន្តប្រភេទធំៗដាក់ផ្ទុក ពោរពេញអត់គ្របតង់កៅស៊ូបណ្តាលឲ្យហុយ បង្កដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈទៀតផង។ ប្រភពដោយឡែកមួយទៀតបានឲ្យដឹងថាលោកកេង វណ្ណា បានលួចធ្វើសកម្មភាពបូមខ្សាច់ ក្នុងទន្លេចាប់តាំងពីក្រុងតាខ្មៅរហូតក្បាលកោះអន្លង់ចិន ស្រុកស្អាងឯណោះ ហើយការធ្វើអាជីវកម្ម របស់គេដំណើរការគ្មានច្បាប់ទម្លាប់ត្រឹមត្រូវបញ្ជាក់អំពីក្រសួងជំនាញនោះទេ។
មន្ត្រីបំរើការងារនៅសាលាខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ការធ្វើអាជីវកម្មខ្សាច់របស់ឈ្មោះ កេង វណ្ណា បានដំណើរការជាងមួយឆ្នាំមកហើយ មិនមានច្បាប់បញ្ជាក់ពីក្រសួងជំនាញពិតមែន ដោយ សារអាងទៅលើខ្សែបណ្តាញចាំទទួលខុសត្រូវជានិច្ច ដោយគ្រាន់តែបានត្រូវរ៉ូវឃុបឃិតគ្នាត្រឹមក្រុង និង ខេត្តប៉ុណ្ណោះ។
មន្ត្រីខាងលើបន្តថា ការរកស៊ីប្រើខ្សែបណ្តាញគ្មានច្បាប់យ៉ាងដូច្នេះធ្វើឲ្យខាតបង់ថវិការដ្ឋ ហើយបង្កការប៉ះពាល់ដល់សម្បត្តិជាតិនិងសម្បត្តិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរដូចជាការបាក់ច្រាំងទន្លេ ដី ផ្ទះ ពលរដ្ឋបន្តបន្ទាប់បណ្តាលឲ្យពួកគាត់ព្រួយបារម្ភបង្កើតការក្តៅក្រហាយរាល់ថ្ងៃនោះសង្ស័យមាន ការឃុបឃិតត្រូវរូវគ្នាអស់ហើយបានជានៅស្ងៀមស្ងាត់ត្រជាក់ល្ហឹមយ៉ាងនេះ។ ពាក់ព័ន្ធការធ្វើអាជីវកម្មរបស់ឈ្មោះកេង វណ្ណា លោកចក់ គង់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត កណ្តាលបានឲ្យដឹងតាមទូរស័ព្ទថាបញ្ហានេះលោកមិនបានដឹងឡើយ បើអ្នកកាសែតដឹងលោកនិងឲ្យ កូនចៅចុះទៅពិនិត្យមើល ហើយក៏បិទទូរស័ព្ទទៅ៕
មតិយោបល់