ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចទូរសព្ទ និងប្រាក់របស់ស្រ្តីម្នាក់ ដល់ក្នុងបន្ទប់!

ភ្នំពេញៈ សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទចូលលួចទ្រព្យសម្បត្តិរបស់ស្រ្តីម្នាក់ដល់ក្នុងបន្ទប់។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុល សំអឿន ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មុខរបរលក់ដូរ។ ចំណែកឯជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ១ឈ្មោះ រឿន សុភក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ទូច ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ។ ជាមួយនិងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពាក់ស្លាកលេខ ភព១-០៥៣៨ កន្ត្រៃ១ សោក្សៀ១ ទូរសព្ទ១គ្រឿង ម៉ាកអិនចុចពិល និងប្រាក់ចំនួន២៥០០០រៀល របស់ជនរងគ្រោះ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅកន្លែងកើតហេតុ លួចបានទូរសព្ទ១គ្រឿង និងប្រាក់២៥០០០រៀល ហើយម្ចាស់មកទាន់បានស្រែកឆោរឡោ ជួនពេលកម្លាំងសមត្ថកិច្ចកំពុងល្បាត ក៏ធ្វើអន្តរាគមន៍ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានសម្រេច។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបញ្ចូនជនសង្ស័យទាំង២នាក់ខាងលើបន្តទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់