ព័ត៌មានសេដ្ឋកិច្ច

ទឹកស្អាត លក់ជូនផ្ទះឈ្នួលកម្មករ ឬសិស្ស ត្រឹមតែ ៧០០៛/ម៉ែត្រគូប ចាប់ពីខែកញ្ញា តទៅ

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ តម្លៃទឹកស្អាតប្រើប្រាស់ សម្រាប់ផ្ទះឈ្នួលកម្មករ កម្មការិនី សិស្ស និស្សិត នឹងចុះថ្លៃមកត្រឹម ៧០០រៀល ក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះលក់បន្តឲ្យ កម្មករ ក្នុងតម្លៃ ៨០០រៀល ដែលចំណេញ ៤០០រៀល ធៀបនឹងតម្លៃចាស់។ នេះបើយោងតាមសេចក្តីសម្រេចរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្វើឡើងកាលពីម្សិលមិញនេះ។

ការបញ្ចុះតម្លៃនេះ បើតាមការគិតគូរ គ្រាន់តែភ្នំពេញ និងខេត្តកណ្តាល រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ ត្រូវខាតបង់ប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីជួយជាប្រយោជន៍ដល់ បងប្អូនកម្មករ កម្មការិនីទាំងអស់។

គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ថ្លៃទឹកភ្លើងនៅទូទាំងប្រទេស ចុះថ្លៃ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៧តទៅ។

សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្រោម ៣ម៉ែត្រគូប ក្នុងមួយខែ គឺត្រូវបានបន្ធូរបន្ថយតម្លៃមកត្រឹម ៤០០រៀលក្នុងមួយម៉ែត្រគូប ពោលគឺថ្លៃដើម ហើយបើប្រើប្រាស់ចន្លោះពី ៤-៧ម៉ែត្រគូប គឺបញ្ចុះតម្លៃពី ៥៥០រៀល មកត្រឹម ៥០០រៀល។

ចំពោះអគ្គិសនីវិញ ប្រជាពលរដ្ឋប្រើប្រាស់ក្រោម ១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺ បញ្ចុះមកត្រឹម ៤៨០រៀល ប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោងគឺ ៦១០រៀល។

រីឯអ្នកប្រើប្រាស់អគ្គិសនីលើសពី ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺ តម្លៃ ៧៧០រៀល (បណ្តាញរដ្ឋ) ហើយសម្រាប់អ្នកប្រើប្រាស់បណ្តាញឯកជនវិញគឺ តម្លៃ ៧៩០រៀល៕

មតិយោបល់